
រយៈពេលត្រឡប់មកវិញម្តងទៀត សម្រាប់ពលករ-ពលការិនីអន្ដោសប្រវេសន៍ត្រូវបានកាត់បន្ថយពីបីខែ មកត្រឹមមួយខែ។
កាលពីថ្ងៃទី ១៥ ខែធ្នូ ក្រសួងការងារនិងវិជ្ជាជីវៈ បានប្រកាសថាបានសំរេចធ្វើវិសោធនកម្មច្បាប់ស្តីពីការងារជនបរទេសជាដើម នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋ ដែលបានធ្វើឡើងនៅថ្ងៃនោះ។
បច្ចុប្បន្ននេះ ពលករ-ពលការិនីអន្ដោសប្រវេសន៍អាចធ្វើការបានរយៈពេល៤ឆ្នាំ ១០ខែ នៅពេលពួកគេចូលមកប្រទេសកូរ៉េដំបូង។ ប្រសិនបើធ្វើការនៅកន្លែងធ្វើការតែមួយក្នុងរយៈពេលដែលបានកំណត់នោះ នឹងត្រូវបានទទួលស្គាល់ជាលក្ខខណ្ឌពិសេស និងអាចនៅធ្វើការបានរយៈពេល៤ ឆ្នាំ ១០ខែម្តងទៀត ហើយទោះបីជាត្រូវបានទទួលលក្ខខណ្ឌពិសេសក៏ដោយ ក៏ត្រូវរងចាំរយៈពេល៣ខែ បន្ទាប់ពីចាកចេញពីប្រទេសកូរ៉េដើម្បីវិលត្រឡប់ចូលមកប្រទេសកូរ៉េវិញដែរ។
យោងតាមការធ្វើវិសោធនកម្មលើកនេះ រដ្ឋាភិបាលបានបង្រួញរយៈពេលកំណត់នៃការវិលត្រឡប់មកប្រទេសកូរ៉េវិញ សម្រាប់ពលករ-ពលការិនីអន្ដោសប្រវេសន៍ដែលបានទទួលលក្ខខណ្ឌពិសេសក្នុងការចូលមកវិញម្តងទៀតមកត្រឹមមួយខែ។
លើសពីនេះទៀត លក្ខខណ្ឌពិសេសសម្រាប់ការវិលមកធ្វើការនៅប្រទេសកូរ៉េម្ដងទៀត ដែលធ្លាប់បានទទួលស្គាល់ថា ទាល់តែនៅធ្វើការបាន ៤ឆ្នាំ ១០ខែ នៅកន្លែងធ្វើការតែមួយនោះ ត្រូវបានបន្ធូរវិញ ដូច្នេះ ទោះបីជាក្នុងករណីផ្លាស់ប្តូរកន្លែងការងារដែលមានប្រភេទការងារដូចគ្នា ដែលស្ថិតក្នុងការទទួលស្គាល់តាមរយៈការកំណត់របស់ក្រសួងការងារនោះ ក៏អាចទទួលបានលក្ខខណ្ឌពិសេសសម្រាប់វិលត្រឡប់មកប្រទេសកូរ៉េម្ដងទៀតបានដែរ។
ហើយក៏មានច្បាប់ពិសេសសម្រាប់ការវិលចូលមកធ្វើការម្ដងទៀត សម្រាប់ពលករ-ពលការិនីអន្ដោសប្រវេសន៍ដែលនៅសល់រយៈពេលធ្វើការតិចជាងមួយឆ្នាំផងដែរ ។
ប្រសិនបើករណីបានផ្លាស់ប្តូរកន្លែងការងារ ដោយមូលហេតុដែលមិនមែនជាការទទួលខុសត្រូវរបស់ពលករ-ពលការិនីបរទេស ដូចជាការប្រើអំពើហិង្សារ ឬការបៀតបៀនផ្លូវភេទនោះ ក្នុងករណីនេះ ទាល់តែរយៈពេលអាចធ្វើការបាននៅកន្លែងកំពុងធ្វើការនៅសល់លើសពីមួយឆ្នាំ ទើបអាចទទួលបានលក្ខខណ្ឌពិសេសនៃការចូលប្រទេសកូរ៉េម្តងទៀតបាន ប៉ុន្តែក្រសួងកំពុងរៀបចំបង្កើតច្បាប់លើកលែងមួយទៀត ដើម្បីអោយអាចទទួលលក្ខខណ្ឌពិសេសនៃការវិលត្រឡប់មកវិញម្ដងទៀត។